វេទិកាស្រាវជ្រាវចុងសប្តាហ៍ស្ដីពី «ជីវិតមួយថ្ងៃរបស់គ្រូបង្រៀនក្នុងរបបខ្មែរក្រហម»
នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤នេះ មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម រៀបចំវេទិកាអន្តរជំនាន់ស្ដីពី «ជីវិតមួយថ្ងៃរបស់គ្រូបង្រៀនក្នុងរបបខ្មែរក្រហម» ដោយមានការចូលរួមរបស់យុវនារីមកពីស្រុកកំពង់សៀម និងស្រុកស្រីសន្ធរ សរុបចំនួន៣០។ នៅក្នុងវេទិកាស្រាវជ្រាវចុងសប្តាហ៍នេះអ៊ំស្រី ជា វណ្ណា អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងជាគ្រូបង្រៀនថ្នាក់ទី១ក្នុងរបបខ្មែរក្រហម ចូលរួមចែករំលែកសាច់រឿងរបស់ខ្លួន។ វេទិកាស្រាវជ្រាវចុងសប្តាហ៍ ក្រោមប្រធានបទ៖ «ជីវិតមួយថ្ងៃរបស់គ្រូបង្រៀនក្នុងរបបខ្មែរក្រហម» ធ្វើឡើងក្នុងគោលបំណងផ្ដល់ឱកាសយុវនារីចូលរួមដឹងអំពីសាច់រឿងផ្ទាល់របស់វាលគ្មិនដែលជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម អំពីបទពិសោធន៍តែ១ថ្ងៃក្នុងការបង្រៀនកុមារក្នុងរបបខ្មែរក្រហម និងការផ្ដល់ចំណេះដឹងបន្ថែមអំពីប្រវត្តិសាស្រ្តខ្មែរក្រហម ដែលគ្រប់គ្រងប្រទេសកម្ពុជាចាប់ពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ និងបានប្រព្រឹត្តអំពើឃោរឃៅដែលមិនអាចបំភ្លេចបាន ដែលបណ្ដាល់ឲ្យប្រជាជនកម្ពុជាប្រមាណជិត២លាននាក់ស្លាប់ដោយសារតែការជម្លៀសដោយបង្ខំ ការបង្ខំធ្វើការជាទម្ងន់ ការធ្វើទារុណកម្ម ភាពអត់ឃ្លាន និងការកាប់សម្លាប់របស់ខ្មែរក្រហម។ លោក ស៊ាង ចិន្ដា នាយកមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម ចាប់ផ្ដើមបទបង្ហាញរបស់ខ្លួនអំពីប្រវត្តិសាស្រ្តខ្មែរក្រហម (១៩៧៥-១៩៧៩) ដោយបានផ្ដោតទៅលើព្រឹត្តិការណ៍ប្រវត្តិសាស្រ្តសំខាន់ៗ ដូចជា រដ្ឋប្រហារលន់ នល់ នៅឆ្នាំ១៩៧០,…